មណ្ឌលគិរី៖ នារសៀលថ្ងៃអាទិត្យ ៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងផ្តាំផ្ញើដល់ក្រុមកីឡាករបាល់ទាត់ ខេត្តមណ្ឌលគិរី ដែលត្រូវទៅចូលរួមប្រកួតដើម្បីពានរង្វាន់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ពិធីនេះដោយមានការចូលរួមពីសំណាក់លោក អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមកីឡាករជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្ត។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏ដូចជាក្រុមកីឡាករបាល់ទាត់ ខេត្តមណ្ឌលគិរី ដែលបានរៀបចំក្រុមកីឡាបាល់ទាត់នេះឡើង សម្រាប់ត្រៀមចេញទៅប្រកួតតាមបណ្តាខេត្តផ្សេងទៀត ដើម្បីឈានទៅដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ។ ឯកឧត្តម បានផ្តាំផ្ញើដល់ក្រុមកីឡាករទាំងអស់ សូមចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ជាពិសេស ត្រូវរួមសាមគ្គីគ្នា ដើម្បីទទួលបានជ័យជំនះ នៅខេត្តព្រះវិហារ និងនៅតាមបណ្តាខេត្តផ្សេងៗទៀត។
ឯកឧត្តម បានលើកទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់ទាំងអស់ ត្រូវបន្តជំរុញការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងក្រុមឲ្យបានល្អ ចូលរួមអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តម បានជំរុញដល់មន្ទីរជំនាញ ត្រូវយកចិត្តទុកដាក់រៀបចំក្លឹបកីឡា ឲ្យបានត្រឹមត្រូវ ជាពិសេស ត្រូវរៀបចំហ្វឹកហាត់បាល់ទាត់នារី ដើម្បីត្រៀមការប្រកួតថ្នាក់ស្រុក/ថ្នាក់ខេត្ត និងថ្នាក់ជាតិផងដែរ។ ម្យ៉ាងទៀត ក៏សូមឲ្យក្រុមកីឡាករបាត់ទាល់ ត្រូវខិតខំព្យាយាមហ្វឹកហាត់ ត្រងត្រាប់ស្តាប់តាមការណែនាំរបស់គ្រូបង្វឹក រួមសាមគ្គីគ្នា បញ្ចេញឲ្យអស់ពីសមត្ថភាពបច្ចេកទេស និងគោរពវិន័យឲ្យបានល្អ ដើម្បីការប្រកួតនាពេលខាងមុខ ទទួលបានជ័យជំនះ ជាពិសេស ដើម្បីលើកស្ទួយវិស័យបាត់ទាត់ឲ្យរីកចម្រើន និងជួយលើកមុខលើកមាត់ខេត្តយើង ប្រទេសយើង នៅលើឆាកអន្តរជាតិ។
នាឳកាសនោះ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានឧបត្ថម្ភថវិកាចំនួន ២លានរៀល ជូនក្រុមកីឡាករបាល់ទាត់ ដែលត្រូវទៅចូលរួមប្រកួតដើម្បីពានរង្វាន់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៅខេត្តព្រះវិហារ និងនៅតាមបណ្តាខេត្តផ្សេងទៀត ហើយក្នុងនោះ ក៏មានការឧបត្ថម្ភជាថវិកាពីថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជីវករ និងសប្បុរសជនជាច្រើននាក់ផងដែរ៕
ប្រភព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី