បើយើងធ្វើដំណើរទៅដល់ផ្លូវនៅមណ្ឌលគិរី អ្នកទាំងអស់គ្នានឹងឃើងកន្លែងមួយមានផ្លូវដូចអក្សរ S ដែលមានទេសភាពស្អាតប្លែក នោះគឺភ្នំអណ្ដូងស្នេហ៍។
ភ្នំអណ្ដូងស្នេហ៍នេះគឺជាគោលដៅទេសចរណ៍ដ៏លេចធ្លោមួយនៅក្នុងខេត្តមណ្ឌលគិរី ដែលអ្នកទេសចរជាច្រើនប្រាថ្នាចង់ទៅ។ ហើយវាមានទីតាំងស្ថិតនៅក្នុងភូមិដាក់ដាំ ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។ មួយវិញទៀត បើតាមចាស់ៗបានប្រាប់តគ្នាថា ទាល់តែអ្នកមានស្នេហ៍ពិតទើបអាចរកអណ្ដូងនោះឃើញ។
អណ្តូងស្នេហ៍នេះគឺមានចម្ងាយ ២០គម ពីសែនមនោរម្យ។ ពេលឮថា២០គម ប្រហែលជារៀងអន់ចង់ដែរ ព្រោះគិតមើលទៅ ទៅវិញទៅមក៤០គមបាត់អៃ ណាគេក៏ឧស្សាហ៍ជិះម៉្លេះលោក! តែពេលគិតចុះគិតឡើងទៅគឺគួរតែទៅ ព្រោះចង់បានរូបស្អាតៗនឹងគេដែរនោះអី។ ចំណែកឯផ្លូវជិះទៅគឺរលោងស្អាតរហូត ហើយទេសភាពតាមផ្លូវនោះក៏ស្អាតខ្លាំងទៀត។ អាចជួលម៉ូតូគេជិះ ហើយជិះពីក្រុងទៅកន្លែងនេះគឺចំណាយពេលអស់ប្រហែល៣០នាទី។
តើយើងគួរទៅលេងអណ្តូងស្នេហ៍នេះនៅពេលណា? ទៅមើលថ្ងៃរះ ឬក៏ទៅមើលថ្ងៃលិច? ចម្លើយគឺយើងគួរទៅលេងនៅអណ្តូងស្នេហ៍ដែលល្អបំផុតនោះគឺមុនថ្ងៃលិច។ ហើយទៅដល់ដឹងតែមានមនុស្សច្រើនហើយ មានអ្នកខ្លះទៅពិចនិកនៅហ្នឹងទៀត តែកុំភ័យ។ ដោយសារតែលើហ្នឹងវាភ្នំធំទូលាយដែរ ចឹងអ្នកទាំងអស់គ្នានៅតែអាចរកកន្លែងថតរូបបានចឹង៕
Credit : Avytravel