ទោះបីជាប្រទេសជាតិមានការរីកចម្រើន ជឿនលឿន និងអភិវឌ្ឍន៍ តែបងប្អូនជនជាតិភាគតិចនៅខេត្តមណ្ឌលគិរី គឺជនជាតិដើមភាគតិចបូនង (ព្នង) នៅតែបន្តថែរក្សាផ្ទះបុរាណរបស់ពួកគាត់ មិនឲ្យបាត់បង់ទាំងស្រុងនោះទេ ព្រោះពួកគាត់យល់ថាផ្ទះជាន់ជូន និងផ្ទះជាន់ចៃ (ភាសាជនជាតិហៅថា ហ្ជញហ្ជៃ) ដែលខ្មែរក្រោមនិយមហៅថាផ្ទះអណ្ដើកនេះ ជាអត្តសញ្ញាណរបស់ជនជាតិព្នង និងមានព្រលឹងដូនតាថែរក្សា។
ជនជាតិដើមភាគតិចបូនង (ព្នង) គឺនៅរក្សាទម្លាប់ទុកពាងបុរាណ ឬឃ្មោះ និងសម្ភារប្រពៃណីផ្សេងទៀតនៅក្នុងផ្ទះជាន់ជូន ឬផ្ទះជាន់ចៃ ដែលគេហៅថាផ្ទះអណ្ដើកនេះ ព្រោះពួកគេយល់ថាអារក្សអ្នកតា ព្រលឹងដូនតា ព្រលឹងស្រូវ គឺស្ថិតនៅផ្ទះនេះឯង មិននៅផ្ទះឈើ ឬផ្ទះថ្មបែបសម័យទេ។ ផ្ទះអណ្ដើករបស់ជនជាតិភាគតិច មានចំណុចពិសេសគឺអាចដុតភ្នក់ភ្លើង២៤ម៉ោងបាន ពុំមានហានិភ័យឆេះផ្ទះអ្វីនោះទេ ដោយភ្នក់ភ្លើងដុតផ្ទាល់ដីតែម្ដង។ ហើយផ្ទះនេះ អាចមានអាយុកាលពី៥ឆ្នាំទៅ៨ឆ្នាំ ទើបជួសជុលម្ដង ព្រោះតែដំបូលស្បូវត្រូវខូចអស់ ប៉ុន្តែគ្រឿងខាងក្នុងផ្ទះមិនងាយខូចទេ ។
ផ្ទះបុរាណ ជនជាតិដើមភាគតិចបូនង (ព្នង) នេះ មាន២ប្រភេទ គឺផ្ទះជាន់ជូន មានន័យផ្ទះតូច ផ្ទះជាន់ចៃគឺផ្ទះធំ ហើយសព្វថ្ងៃផ្ទះទាំង២ប្រភេទ ដែលយើងហៅថាផ្ទះអណ្ដើក ដោយបច្ចុប្បន្ននេះបងប្អូនជនជាតិភាគតិចមួយចំនួន បានធ្វើផ្ទះបែបសម័យនៅខាងមុខ និងធ្វើអណ្ដើកនេះនៅខាងក្រោយ ធ្វើនៅខាងក្រោយព្រោះខ្លាចខ្យល់ខ្លាំងធ្វើឲ្យផ្ទះខូចខាត។
ចាស់ទុំជនជាតិដើមភាគតិចបូនង (ព្នង) យល់ថា ផ្ទះអណ្ដើករបស់ជនជាតិ គឺត្រូវតែរក្សាទុកដើម្បីជាភស្តុតាងប្រពៃណី ហើយផ្ទះអណ្ដើកប្រៀបដូចជាសារមន្ទីរ ព្រោះត្រូវទុកសម្ភារដូចជាពាង ឃ្មោះ គងជាដើមនៅក្នុងផ្ទះ ហើយការរក្សាទុកផ្ទះបុរាណ គឺដូចរក្សាអត្តសញ្ញាណដូច្នេះដែរ ទើបជនជាតិភាគតិចនៅតែព្យាយាមធ្វើផ្ទះអណ្ដើកនេះបន្ថែមទៀត ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ ។
សព្វថ្ងៃនេះ នៅក្នុងភូមិពូតាំង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានផ្ទះរបស់ជនជាតិដើមភាគតិចពូនង ជាប្រភេទផ្ទះតៀមសង់ជាប់ផ្ទាល់ដី ឬអ្នកស្រុកហៅថា ផ្ទះអណ្តើកនេះនៅសល់ប្រមាណជាង ១០ផ្ទះប៉ុណ្ណោះ។ ផ្ទះទាំងនោះ គឺសម្រាប់ទទួលភ្ញៀវទេសចរណ៍មកស្នាក់នៅ ខណៈ ជនជាតិដើមភាគតិច រស់នៅក្នុងភូមិមូយនេះ ផ្លាស់ប្តូរមករស់នៅក្នុងផ្ទះថ្ម ឬផ្ទះឈើដូចទៅនឹងពលរដ្ឋខ្មែរដទៃទៀតដែរ៕