មកដឹងពីប្រវត្តិជនជាតិខ្មែរដើម « ជនជាតិឞូន៝ង »

« ឞូន៝ង » គឺជាក្រុមប្រជាជនជនជាតិដើមដែលរស់នៅក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាមជាយូរលង់ណាស់មកហើយ។ ពួកគេត្រូវបានចាត់ថ្នាក់ជាក្រុមអំបូរមនុស្ស “មន-ខ្មែរ” ដែលមានដែនដីដូនតាចាប់ពីភាគឥសាន្តនៃប្រទេសកម្ពុជាពីភូមិភាគខ្ពង់រាបកណ្តាលនៃប្រទេសវៀតណាម រហូតដល់ជ្រោយនៃសមុទ្រចិនខាងត្បូង និងនៅភាគត្បូងនៃប្រទេសឡាវ។

នៅក្នុងពេលដ៏យូរលង់ណាស់មកហើយ ប្រមាណជាង២០០០ពាន់ឆ្នាំមកនេះ ឞូន៝ង ត្រូវបានចិនហៅក្រុមជនជាតិដើមនេះថា “ហ្វូណន” (ដើមឡើយកម្ពុជរដ្ឋ មាននគរហ្វូណន ឬនគរភ្នំនេះឯង) វៀតណាម ឬយាគណាម ហៅថា “មន៝ង” ខ្មែរហៅពួកគាត់ថា “ភ្នង” ចំណែកឯឡាវ ហៅពួកគេថា “ម៉យ” ។ ផ្ទុយទៅវិញ ជនជាតិដើមឞូន៝ង ហៅខ្លួនឯងថា “ឞូន៝ង”។ ភាគច្រើនពួកគេរស់នៅ ខេត្តមណ្ឌលគិរី និងមួយចំនួនទៀតមាននៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។

យើងឃើញមានការប្រើពាក្យថា បូនង នៅក្នុងសង្គមខ្មែរ និងសំណៅអក្សរសិល្ប៍ខ្លះៗ។ ពាក្យ បូនង នេះ គឺសំដៅទៅលើ ពាក្យ ព្នង ដែលគេនិយាយកំឡាយ ពីពាក្យដើម គឺ ហ្វូណន ដែលមានដើមកំណើតមកពី ពាក្យចិន មានន័យជាខ្មែរថា នគរភ្នំនេះឯង។ ដំបូងឡើយ ខ្មែរកាត់ចិន បានហៅ ពាក្យនេះសំដៅទៅ ជនជាតិកុលសម្ព័ន្ធ ដែលរស់នៅលើដីខ្មែរមួយក្រុមតាមតំបន់ភ្នំ នៃទឹកដីកម្ពុជរដ្ឋ ក្រោយមកគេបាននិយាយកំឡាយជាហូរហែឆ្លងសតវត្សរ៍ ជាពិសេសក្នុងចំណោមអ្នកផ្សារ ដែលសំបូរជនជាតិចិនរស់នៅ ហៅក្រុមកុលសម្ព័ន្ធនគរភ្នំ ថាជា ជនជាតិហ្វូណន បូនង និង ព្នង រហូតដល់សព្វថ្ងៃនេះ។

តាមវចនានុក្រមរបស់ សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ “ព្នង” មានថ្នាក់ពាក្យជា “នាមសព្ទ” មានន័យថា មនុស្សពួកមួយកើតនៅតែក្នុងព្រៃ ស្លៀកប៉ឹងវ័ណ្ឌ មានសណ្ដាប់ធ្នាប់ផ្សេងពីពួកមនុស្សអ្នកស្រុក ក្នុងកម្ពុជរដ្ឋ មាននៅព្រៃជាប់នឹងខេត្តក្រចេះ ខេត្តស្ទឹងត្រែង។ វចនានុក្រម បានបញ្ជាក់បន្តថា តាំងពីប្រទេសកម្ពុជាមានឋានៈជាប្រទេសឯករាជ្យអព្យាក្រឹត រាជរដ្ឋាភិបាលសង្គមរាស្រ្ដនិយម បានបញ្ញត្តឱ្យលែងហៅ ព្នង ឱ្យហៅថា ខ្មែរលើ វិញ។ ក្រុមខ្មែរលើក៏មានសភាពលូតលាស់ចម្រើនតាមលំដាប់មក។ តែការពិតទៅការប្រើពាក្យថា ខ្មែរលើ គឺសំដៅទៅលើ អ្នករស់នៅស្រុកភ្នំ ឬ ដំបន់លើ ជុំវិញទន្លេមេគង្គ តែមិនសំដៅត្រឹមតែ កុលសម្ព័ន្ធ បូនង តែម៉្យាងទេ គឺមានលាយក្រុម ខ្លះៗទៀត ដូចជា គ្រឹង ស្អូច ព័រ កួយ ម៉ែវ មង ស្ទៀង មន លាវ និង កូឡា ជាដើម។ ដោយសារក្រុមនេះ រស់នៅតាមរបៀបកុលសម្ព័ន្ធ មនុស្សព្រៃ ជាក្រុមៗ មិនចូលមករស់នៅជាមួយខ្មែរទូទៅ ទើបរដ្ឋាភិបាលខ្មែរមិនដែលផ្តល់ការគ្រប់គ្រងផ្លូវច្បាប់ដល់ពួកគេទេ។ គេតែងតែបណ្តោយអោយសង្គមកុលសម្ព័ន្ទទាំងនេះ រស់នៅតាមសម្មាជីវោ មិនរំខានជីវិតពួកទាំងនេះឡើយ។ សូម្បីតែនៅសម័យប៉ុលពត ក៏រដ្ឋាភិបាលខ្មែរក្រហម មិនលូកដៃធ្វើបាប ឬរំខានអ្វីដល់ក្រុមកុលសម្ព័ន្ធទាំងនេះដែរ។ យើងទើបតែឃើញសម័យបច្ចុប្បន្នក្រោយជំនាន់អ៊ុនតាក់នេះទេ ដែលសង្គមបងប្អូនក្រុមនេះបានរួមបញ្ចូលក្រោមការដឹកនាំផ្លូវច្បាប់ជាតិ។

ឞូនង (Bunong) គឺជាភាសាសរសេរត្រឹមត្រូវតាមអក្សរព្នង-ខ្មែរ (ឬ Bunong-Latin) ដែលបង្កើតឡើយអំឡុងឆ្នាំ ២០០០ ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។ តែការសរសេរកន្លងមកយើងឃើញមានពាក្យ “ព្នង”“ភ្នង” គឺអានតាមសម្លេងដែលហៅជនជាតិដើមមួយនេះ ដោយប្រជាជនកម្ពុជាទូទៅ ឬ ដោយសម្តេចសង្ឃរាជ ជូន ណាត។ នោះក៏ព្រោះតែនៅជំនាន់ដើម ខ្មែរយើងខ្លះៗ ជាពិសេស អ្នកទីក្រុង ឬ អ្នកនៅផ្សារ រមែងចូលចិត្តតិះដៀលអ្នកស្រែ ឬអ្នកតូចទាប មិនសូវមានចំណេះ ដោយប្រើពាក្យថា ព្នង គឹសំដៅទៅលើ មនុស្សព្រៃ ដែលមិនស្គាល់ច្បាប់ជាតិ ច្បាប់សង្គមរស់នៅប្រចាំជាតិរបស់ខ្លួន តែនោះជាគ្រាន់តែជាពាក្យប្រៀបធៀប ដែលមិនគួរនឹងប្រើឡើយ។ ហើយការប្រើពាក្យនេះ សម្រាប់ត្មះតិះដៀលគ្នា ក៏នៅមានសល់បន្ត រហូតមកដល់សព្វថ្ងៃនេះ ថ្វីបើគេដឹងថា ជាកិរិយា មិនគប្បីក៏ដោយ។ ពិសេសជនជាតិឞូនង យល់ថា ការហៅពួកគេថា​ព្នង ​ឬភ្នង គឺជាការរើសអើងយ៉ាងធ្ងន់ធ្ងរផងដែរ។

ដូច្នេះហើយ ក្រោយមកដោយមានការរិះគន់ពីជនជាតិឞូនង ឬ Bunong និងដើម្បីសរសេរក្នុងភាសាឱ្យកាន់តែដូច ខ្មែរយើងក៏បានចាប់ផ្តើមផ្លាស់ប្តូរ ហៅជនជាតិនេះថា « បូនង »​ឬ « បូនង » តែយ៉ាងណាក៏មិនទាន់ត្រឹមត្រូវទាំងស្រុងនោះទេ ដោយសារ ឞូនង គឺមានសូរស័ព្ទ “ឞ” or “B” ដែលភាសាខ្មែរយើងគ្មានពាក្យនេះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Recent Comments

No comments to show.