« ទឹកជ្រោះប៊ូស្រា » នៅតែជាតំបន់កម្សាន្តល្បីជាងគេប្រចាំ ខេត្តមណ្ឌលគិរី

កាល​ពី​ខ្ទង់ទសវត្ស​ឆ្នាំ​១៩៧០ « ទឹកជ្រោះប៊ូស្រា » គឺជាបទចម្រៀងដ៏ល្បីមួយបទជាបទមរតកដើមដែល ច្រៀងដោយលោកតូច តេង និង
លោកស្រី ម៉ៅ សារ៉េត (ម្ចាស់បទដើម) ដែលបានច្រៀងរៀបរាប់ពីសម្រស់ដ៏ស្រស់ត្រកាលនៃ ទឹកជ្រោះដ៏ល្បី និងធំបំផុតនៅក្នុងខេត្តមណ្ឌលគិរី។

« ទឹកជ្រោះប៊ូស្រា​ » គឺជាទឹកជ្រោះដ៏ល្បីល្បាញជាងគេប្រចាំ ខេត្តមណ្ឌលគិរី ដែលមានចំងាយ៤៣គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរីពីរង្វង់មូលគោព្រៃ ដោយធ្វើដំណើរតាមបណ្តោយផ្លូវទៅស្រុកពេជ្រចិន្តា។តំបន់រមណីដ្ឋាននេះ អាចទៅកំសាន្តនៅរដូវប្រាំង ព្រោះវាបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ។

សម្រាប់​ខេត្ត​មណ្ឌល​គិរី « ទឹកជ្រោះប៊ូស្រា​ » គឺជា​ទី​ដ៏​ទាក់​ទាញ​បំផុត ដែល​គ្រប់​ភ្ញៀវ​ទាំង​អស់​នៅ​ពេល​មក​ដល់​ខេត្ត​នេះ​មិន​អាច​មើល​រំលង​បាន ដោយសារតែសម្រស់បែបធម្មជាតិអមដោយព្រៃប្រឹក្សាព័ទ្ធជុំវិញ​ បើ​ទោះ​បី​ជា​តំបន់​ទេសចរណ៍​មួយ​នេះ​នៅ​មិន​ទាន់​មាន​ការ​វិនិយោគ​ និងការអភិវឌ្ឍន៍ថ្មីឱ្យកាន់​តែ​ប្រសើរ​ក្តី​។

ទឹកជ្រោះប៊ូស្រាជាតំបន់កំសាន្តល្អជាងគេ​ក្នុងខេត្តមណ្ឌលគិរី។ ទឹកជ្រោះនេះ​ចែក​ចេញ​​ជា​បីដំណាក់៖

  • ដំណាក់ទី១: ហូរធ្លាក់ក្នុងកំពស់ ៨ ទៅ ១២ម៉ែត្រ ដែលមានមុខកាត់ទទឹង ១៥ម៉ែត្រ នៅរដូវវស្សា និង កំពស់ពី១០ ទៅ ១៥ម៉ែត្រ នៅរដូវប្រាំង។
  • ដំណាក់ទី២: ហូរធ្លាក់ពីកំពស់ ១៥ ទៅ ២០ម៉ែត្រ និង មុខកាត់ទទឹង ២០ម៉ែត្រនៅរដូវវស្សា និង កំពស់ពី១៨ ទៅ ២៥ម៉ែត្រ ដែលមានមុខកាត់១៣ម៉ែត្រ នៅរដូវប្រាំង។ ទឹកធ្លាក់ទី២នេះ មានចំងាយ​១៥០ម៉ែត្រពីទឹកធ្លាក់ទី១។ ដំណាក់នេះមិនសូវមានអ្នកទៅដល់ឡើយ ព្រោះដើម្បី​ទៅកាន់​ទឹកជ្រោះដំណាក់ទី២ យើងត្រូវធ្វើដំណើរឆ្លងកាត់ព្រៃ ប្រមាណ ១៥នាទី រួចត្រូវសរសៀចុះតាមជញ្ជាំងថ្មីដ៏ចោត ដែលមានកម្ពស់ជាង ៤ម៉ែត្រ រួច​បន្ត​ដំណើរ​តាមជណ្ដើរឈើបែកបាក់ចុះ​មក​ក្រោមតាមផ្លូវដើម​​ឬស្សី។
  • ដំណាក់ទី៣: ហូរធ្លាក់ដោយល្បឿនលឿនខ្លាំងជាងល្បាក់ទី២។ ល្បាក់នេះ យើងមិនអាចទៅដល់បានទេ ពីព្រោះជាតំបន់ព្រៃក្រាស់ ខ្វះមធ្យោបាយធ្វើដំណើរ និង តំបន់គ្រោះថ្នាក់នៃពពួកសត្វព្រៃ។

ក្រៅ​ពី​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​នៅ​ជុំវិញ​ទឹក​ជ្រោះ​ប៊ូស្រា​គេ​ក៏​បាន​ដឹង​ផង​ដែរ​ថា ទី​នោះ​ជា​តំបន់​ដែល​មាន​បង​ប្អូន​ជន​ជាតិ​ព្នង​រស់​នៅ​យ៉ាង​ច្រើន​កុះ​ករ​ផង​ដែរ​ដែល​ពេល​នេះ ពួក​គេ​ភាគ​ច្រើន​កំពុង​មាន​ការ​ផ្លាស់​ប្តូរ​ទាំង​ការ​រស់ និង​ស្លៀក​ពាក់​ផង​ដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *

Recent Comments

No comments to show.