« ភ្នំដោះក្រមុំ​ » ជាទីដ៏ស័ក្តិសិទ្ធមួយ នៅក្នុងខេត្តមណ្ឌលគិរី

រមណីយដ្ឋានភ្នំដោះក្រមុំ ស្ថិតនៅទីរួមខេត្តមណ្ឌលគីរី ដោយជម្រាលភ្នំខាងត្បូងទល់នឹងប្រលានយន្តហោះ ភ្នំនេះ គ្របដណ្តប់ទៅដោយវាលស្មៅ ពីចង្កេះភ្នំរហូតដល់កំពូលភ្នំ។

ភ្នំដោះក្រមុំ ជាភ្នំដ៏ស័ក្តិសិទ្ធមួយ នៅក្នុងខេត្តមណ្ឌលគិរី។ នៅលើកំពូលភ្នំ មាន​ស្តូបបូជាដែលមានរូបសំណាក សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្ត​មណ្ឌលគិរី ធ្វើការបន់ស្រន់ ដែលគ្រប់គ្នាហៅថា «​អ្នកតាស្រុះ » ។ គេហៅភ្នំនេះថា ភ្នំដោះក្រមុំ ដោយសារសណ្ឋានដីភ្នំនេះ មានរាងដូចសុដនរបស់ស្រ្តីក្រមុំ។ នៅក្បែរស្តូបបូជា មានការរៀបចំកន្លែងអង្គុយសម្រាប់មើលទេសភាព ជាពិសេសសម្រាប់ពេលថ្ងៃលិច។ យើងអាចមើលទិដ្ឋភាពនៃទីរួមខេត្តមណ្ឌលគិរិ ពីលើកំពូលភ្នំនេះបាន នៅលើកំពូលភ្នំ មានផ្លាក « I Love Mondolkiri » សម្រាប់អ្នកចូលចិត្តថតជាមួយសញ្ញាសំគាល់ខេត្ត។

រមណីយដ្ឋានភ្នំដោះក្រមុំ ត្រូវបានអ្នកជំនាញផ្នែកវប្បធម៌ គ្រោងដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌជាតិ និងបេតិកភណ្ឌពិភពលោកនៅថ្ងៃខាងមុខ។ តំបន់នេះ មានចំណុចពិសេសច្រើន ដូចជាទីតាំងនៅក្នុងក្រុង ប្រមូលផ្ដុំដោយជំនឿជនជាតិដើមភាគតិចមានការឲ្យតម្លៃពីជនបរទេស និងព្រះមហាក្សត្រខ្មែរ ពិសេសជាទីតាំងកុលសម្ព័ន្ធប្រវត្តិសាស្ត្រ របស់ជនជាតិដើមភាគតិច ហើយ​នៅ​ទី​នេះ​ក៏​ជា​កន្លែង​អំណោយផល​បំផុត​សម្រាប់​ការ​ថតរូប​ និង​មើល​ថ្ងៃ​រៀបលិច។

ភ្នំ​ដោះ​ក្រមុំ​គឺជា​បូជនីយដ្ឋាន​ទេសចរណ៍​មួយ​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​ដែល​ជនជាតិភាគ​តិច និង​ខ្មែរ​ធ្វើ​ការ​គោរព​បូជា​តាម​ជំនឿ​ទំនៀម​ទម្លាប់​របស់​ពួក​គេ។​ប្រជាជន​ភាគ​ច្រើន​ជឿ​ថា​ព្រលឹង​វិញ្ញាណ​ស័ក្តិសិទ្ធិ​អារក្ខ​អ្នកតា​ដែល​នៅ​លើ​ភ្នំ​សម្បូរ​ស្មៅ​នោះ​បាន​ថែរក្សា​ពួកគេ​ឲ្យ​មាន​សេចក្ដី​សុខ​សុវត្ថិភាព​ និងមានសុខភាព​ល្អ។ ជា​រឿយៗ​ពួកគេ​ក៏​ឡើង​ទៅ​លើ​ភ្នំ​ដោះ​ក្រមុំ​ដើម្បី​បន់​ស្រន់​សុំ​ជោគ​លាភ​ក្នុង​មុខ​របរ​និង​សុភមង្គល​ក្នុង​គ្រួសារ​។ ស្ថិត​នៅ​ក្នុង​ភូមិ​ដោះ​ក្រមុំ​ឃុំ​សុខដុម​ស្រុក​សែន​មនោរម្យ​ខេត្ត​មណ្ឌលគិរី​ភ្នំ​នេះ​ដើម​ឡើយ​ឈ្មោះ​ថា​ភ្នំ​ឪយល់​ក្រោយ​មក​គេ​ហៅ​ជីហូ ជីវ័ន​ ឬ​ស្រុះ​ប្លង់៕

Leave a Reply

Your email address will not be published. Required fields are marked *

Recent Comments

No comments to show.